ព័ត៌មាននៅក្នុង DNA ត្រូវបានរក្សាទុកជាកូដដែលបង្កើតឡើងដោយបាស (Bases) ចំនួនបួនគឺ ៖
- អាដេនីន (adenine) តាងដោយ A
- កានីន (guanine) តាងដោយ G
- ស៊ីតូស៊ីន (cytosine) តាងដោយ C
- និង ទីមីន (thymine) តាងដោយ T ។
បាសនៃ DNA ទាំងនេះអាចចាប់គ្នាបានទៅវិញទៅមកដើម្បីបង្កើតជា គូបាស (Base Pair) បានដោយការប្រើប្រាស់សម្ព័ន្ធអ៊ីដ្រូសែន៖
- A ចាប់ជាមួយ T
- C ចាប់ជាមួយ G ។
លេខរៀងលំដាប់នៃបាស (Base Sequencing) តាមបណ្តោយឆ្អឹងខ្នងនៃ DNA ទាំងនេះមានផ្ទុកទុកនូវព័ត៌មានជីវសាស្ត្រ ដូចជាការណែនាំសម្រាប់បង្កើតប្រូតេអ៊ីន ឬម៉ូលេគុល RNA (Ribonucleic Acid) ជាដើម។ Phosphate Backbone បានដើរតួនាទីជាអ្នកផ្តល់រចនាសម្ព័ន្ធ (ឆ្អឹងកងខ្នង) ដល់ខ្សែច្រវ៉ាក់ DNA និងជាអ្នកជួយទ្រទ្រង់ផងដែរ។ ច្រវ៉ាក់នេះដែរ បានកកើតឡើងដោយ ម៉ូលេគុលស្ករដេអុកស៊ីរីបូសមួយ និងម៉ូលេគុលផូស្វាតមួយ។
ជាមួយគ្នានេះដែររៀងរាល់មួយម៉ូលេគុលនៃ បាសអាស៊ូត ស្ករដេអុកស៊ីរីបូសឬស្កររីបូស និងផូស្វាត វាអាចបង្កើតបានជា នុយក្លេអូទីតមួយ (Nucleotide)។ កាលណា នុយក្លេអូទីតពីរភ្ជាប់គ្នា មូលជំវិញគ្នាជារង្វង់ គេឲ្យឈ្មោះថាជា Double Helix។ រចនាសម្ព័ន្ធរបស់វាមានលក្ខណៈស្រដៀងទៅនឹងជណ្តើរវិល ដែលមានគូបាសប្រៀបដូចជាកាំជណ្តើរ ហើយម៉ូលេគុលស្ករ និងផូស្វាតប្រៀបដូចជាបង្កាន់ដៃនិងឆ្អឹងនៃជណ្តើរ។